ប្រមុខការពារជាតិកូរ៉េខាងត្បូងអះអាងថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាការពាកូរ៉េខាងត្បូងជានិច្ច
ថ្ងៃ សៅរ៏ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កូរ៉េខាងត្បូង៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក ជុង គ្យុងឌូ នៅក្នុងជំនួបនៅថ្ងៃសុក្រនេះ ជាមួយសមភាគីអាមេរិកលោក ម៉ាក អេស្ព័រ បានថ្លែងថា សហរដ្ឋអាមេរិកនៅតែបន្តប្ដេជ្ញាចិត្តការពារកូរ៉េខាងត្បូង ពីការគំរាមកំហែងនានាដោយកូរ៉េខាងជើង បើទោះជាមានការខ្វែងគំនិតរឿងបង់ថ្លៃការពារបន្ថែមដល់កងទ័ពអាមេរិក ដែលកំពុងឈរជើងនៅឧបទ្វីបកូរ៉េ ។
ទន្ទឹមគ្នា ប្រមុខការពារជាតិកូរ៉េខាងត្បូងរូបនេះបានសង្កត់ធ្ងន់ដែរថា ការជួយចេញថ្លៃចាយវាយរបស់កងទ័ពអាមេរិកជាង២៨.៥០០នាក់ កំពុងឈរជើងនៅកូរ៉េខាងត្បូង ដែលកំពុងស្ថិតនៅក្នុងកិច្ចចរចានៅឡើយ គួរតែត្រូវបានធ្វើឡើងដោយស្មើភាព ហើយភាគីទាំងពីរអាចទទួលយកបាន ។
សូមជម្រាបថា បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន CNN ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឱ្យកូរ៉េខាងត្បូងបង់ថ្លៃការពារបន្ថែមជាង ៤.៧ពាន់លានដុល្លារ ឬស្មើនឹងអត្រា៥០០ភាគរយលើសមុនសម្រាប់ឆ្នាំ២០២០ ដើម្បីបន្តរក្សាវត្តមានកងទ័ពអាមេរិកនៅលើឧបទ្វីបកូរ៉េដូចធម្មតា ៕

 

 

 

 

 

 

 


អត្ថបទទាក់ទង