ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

សមិទ្ធផល និងស្នាក់ការគណបក្សប្រជាជនកម្ពុជា បានផុសឡើងយ៉ាងថ្មីស្រឡាង ក្នុងទឹកប្រាក់មានតម្លៃជាង ១០០លានរៀល ទុកសម្រាប់បម្រើកិច្ចការងាររដ្ឋបាលបក្ស នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ !
ថ្ងៃ ច័ន្ទ ទី ០៦ ខែ កក្កដា ឆ្នាំ ២០២០

ខេត្តព្រះវិហារ៖ ស្នាក់ការបក្សមួយខ្នង និងសមិទ្ធផលនានាជាច្រើនទៀត របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងយ៉ាងថ្មីស្រឡាង ក្នុងការចំណាយទឹកប្រាក់អស់ជាង ១០០លានរៀល និងសមិទ្ធផលទាំងអស់នោះ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនោះហើយ កាលពីថ្ងៃអាទិត្យ ទី៥កក្កដា ឆ្នាំ២០២០ ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារបក្ស ចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា បានដឹកនាំក្រុមការងារថ្នាក់ជាតិ, ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត ព្រះវិហារ លោក ប្រាក់ សុវណ្ណ, ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ គ្រប់លំដាប់ថ្នាក់ និងប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាខេត្ត ចុះមូលដ្ឋានស្រុកសង្គមថ្មី លោក សំ លាងទ្រី បានអញ្ជើញសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវអគារស្នាក់ការបក្សមួយខ្នង និងសមិទ្ធផលគណ បក្សប្រជាជនកម្ពុជា ជាច្រើនទៀត ស្ថិតនៅក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី បានថ្លែងថា អគារស្នាក់ការបក្សជាជន ឃុំរណសិរ្សនេះ កាលពីមុន គឺជាអគារចាស់ទ្រុឌទ្រោម មាន ទំហំតូចចង្អៀត និងដើម្បីឆ្លើយតបទៅនឹងកំណើនការងារ និងតម្រូវការសម្រាប់បំពេញការងារ របស់មន្ត្រី គណបក្ស ទើបសម្រេចមូលមតិគ្នា ដែលមាន លោក នន់ ចាន់វិជ្ជា ប្រធានក្រុមការងារគណៈ កម្មាធិការកណ្តាល ចុះជួយមូលដ្ឋានស្រុកសង្គមថ្មី, លោក គោស៊ុ ប៊ុនសឿត អនុប្រធានក្រុមការងារថ្នាក់ ខេត្ត ចុះជួយស្រុកសង្គមថ្មី រួមជាមួយរូបលោក និងថ្នាក់ដឹកនាំបក្សជាច្រើនទៀត ទទួលបន្ទុករួម ដោយ ប្រធានក្រុមការងារបក្សចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា បានកសាងអគារស្នាក់ ការបក្សនេះឡើងវិញ ។ លោកថា អគារបក្ស១ខ្នងនេះ សាងសង់ឡើងពីថ្ម ក្នុងទំហំ៩ម៉ែត្រ គុណនឹង ១០ម៉ែត្រ និងអគារនេះបានសាងសង់ឡើង កាលពីថ្ងៃទី១២ឧសភាឆ្នាំ២០២០ ដោយចំណាយទឹកប្រាក់ ក្នុងការសាងសង់ សរុប ១០៥លានរៀល ក្នុងនោះមានអគារ១ខ្នង បង្គោលដងទង់ជាតិ១ ក្លោងទ្វារ១ បន្ទប់ទឹក១ របងព័ទ្ធជុំវិញ ការចាក់ដីបំពេញបរិវេណស្នាក់ការគណបក្ស និងនៅក្នុងអគាររដ្ឋបាលបក្ស ក៏មានបំពាក់តុ កៅអី កុំព្យូទ័រ និងម៉ាស៊ីនព្រីន ថែមទៀតផង។

សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នាយឧត្តមសេនីយ៍ មាស សុភា មានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា សំខាន់ៗជាច្រើនទៀត ដោយសម្តេចទាំងពីរ តែងបានគិតគូរខ្ពស់ ចំពោះជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានទាំងអស់។ លោកទេសរដ្ឋមន្ត្រីបានបន្តថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី សម្តេច បានដឹកនាំប្រទេសជាតិ អោយមានការអភិវឌ្ឍគ្រប់លើគ្រប់វិស័យ មានសុខសន្តិភាព និងបានប្រែ ក្លាយជីវភាពរស់នៅរបស់ប្រជាជន អោយមានការផ្លាស់ប្តូរ រីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃឥតឈប់ឈរ ។ លោកថាដោយសារកត្តាសុខសន្តិភាពនេះហើយ ទើបអាចធ្វើឲ្យយើងគ្រប់ៗគ្នា មានឧិកាសសព្វបែបយ៉ាង មិនដូចកាលពីសម័យយង់ឃ្នង ប្រល័យពូជសាសន៍ជាតិឯងនោះទេ ដែលរបបនេះបានបំផ្លិចបំផ្លាញគ្មាន សល់អ្វីទាំងអស់ ទាំងហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន វត្តអារ៉ាម និងបំផ្លាញសាសនា ជាដើម។ល។ ត្រូវបានលុបបំបាត់ចោលអស់ទាំងស្រុង ហើយប្រទេសជាតិ បានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម និងប្រជាជនរងទុក្ខខ្លោចផ្សារយ៉ាងក្រៃលែង។ ប៉ុន្តែ បច្ចុប្បន្ននេះ ប្រទេសជាតិត្រូវបានស្តារឡើងវិញ ប្រកប ដោយការអភិវឌ្ឍន៍ និងមានសុខសន្តិភាពពេញលេញ រីឯ ប្រជាពលរដ្ឋ ក៏មានសិទ្ធិសេរីភាព និងមាន ជីវភាធូរធារ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវជឿតាមការឃោសនា ឬញុះញង់ ពីបក្សផ្សេងៗទៀត នោះឡើយ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍បញ្ជាក់ថា ស្រុកសង្គមថ្មី នឹងទទួលបានការ អភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត ពីគម្រោងនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ដោយមន្ទីរនឹងដំណើរការ កសាងផ្លូវ ពីក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ២ជាន់ ដោយស្ថាបនា ចាប់ពីខាងមុខសាលាស្រុក សង្គមថ្មី រហូតទៅដល់ទីប្រជុំជន ភូមិតាសែងកណ្តាល មានប្រវែង ២៤គីឡូម៉ែត្រ និងផ្លូវក្រាលគ្រួសក្រហម ១ខ្សែទៀត មានប្រវែង ៣៨គីឡូម៉ែត្រ ចាប់ពីខាងលិចសាលាស្រុកគូលែន រហូតមកដល់ឃុំស្តៅ ស្រុកសង្គម ថ្មី និងគម្រោងសាងសង់ស្ថានីយ៍ទឹកស្អាត កម្រិតសហគមន៍ ១កន្លែងទៀត មានចំណុះ ១ម៉ឺនលីត្រ ស្ថិតនៅក្នុងភូមិត្បែង ឃុំចម្រើន ដែលគម្រោងនេះ នឹងចាប់ផ្តើមអនុវត្ត នៅក្នុងឆ្នាំ២០២១ ខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់រូប ត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ត្រូវបន្តរក្សាការប្រុងប្រយ័ត្នសុខភាព អោយបាន ខ្ពស់ជានិច្ច ក្នុងការបង្ការ និងការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ជាលើកទី២ ស្របពេលដែលពិភព លោក កំពុងប្រឈមមុខ នឹងការរាត្បាតយ៉ាងខ្លាំង ពីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។ លោកទេសរដ្ឋមន្ត្រី បានអញ្ជើញកាត់ខ្សែបូរ និងចែកអំណោយ ដល់ប្រជាពលរដ្ឋដែលបានចូលរួម នូវគ្រឿងឧបភោគ បរិភោគ និងថវិកា មួយចំនួនផងដែរ។

បន្ទាប់មក លោកទេសរដ្ឋមន្រ្តី បានដឹកនាំក្រុមការងារថ្នាក់ជាតិ រួមជាមួយអាជ្ញាធរខេត្តព្រះវិហារ នាំយកទេយ្យទាន ទៅប្រគេនដល់ព្រះអនុគណ និងព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា និមន្តមក ពីវត្តចំនួន៨ ស្ថិតនៅក្នុង « វត្តបឹង »  ស្ថិតនៅក្នុងស្រុកសង្គមថ្មី ដោយក្នុង១វត្ត ទទួលបានទេយ្យទាន  នូវគ្រឿងឧបភោគ បរិភោគ ទឹកត្រី១កេះ ទឹកស៊ីអ៊ីវ១កេះ ប្រេងសណ្តែក១កេះ អង្ករ ១០០គីឡូក្រាម ថវិកា ៥០ម៉ឺនរៀល រួមនឹងទៀនវស្សា ១គូ ថែមទៀតផង៕ ដោយ៖ ឡុង សំបូរ

 


អត្ថបទទាក់ទង