ព័ត៌មានទាន់ហេតុការណ៍
 1. ទំនប់វារីអគ្គិសនីកំចាយនឹងត្រូវបើកទ្វារទឹកនៅ រសៀលថ្ងៃនេះ បើសិនភ្លៀងបន្តធ្លាក់  2. ហេតុការណ៍ផ្ទុះដ៏កក្រើកនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីរបស់ប្រទេសលីបង់ ផ្តាច់ជីវិតមនុស្ស៧៨នាក់ និងជិត៤ពាន់នាក់រងរបួស  3. កម្ពុជាបានប្រកាសតាមរយៈ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០២នាក់ និងករណីជាសះស្បើយ០២នាក់  4. រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចកែសម្រួលនូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេស មកកាន់ប្រទេសកម្ពុជា  5. ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖ សារលិខិតគោរពជូនពរ សម្តេចតេជោ ក្នុងឱកាសនៃថ្ងៃខួបកំណើតគម្រប់៦៩ឆ្នាំ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនទៀនវស្សាដល់វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក
ថ្ងៃ ច័ន្ទ ទី ០៦ ខែ កក្កដា ឆ្នាំ ២០២០

ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជាជាពុទ្ធសានិកជនកំពុងចូលរួមរីករាយប្រកបដោយសុទ្ធាជ្រះថ្លានាំយកទ័យទានគ្រឿងឧបភោគបរិភោគទៅវេរប្រគេនព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងប្រទេសដើម្បីឧបត្ថមព្រះសង្ឃក្នុងរដូវកាលចូលកាន់ព្រះវស្សានៅឆ្នាំនេះដោយឡែកនៅរសៀលថ្ងៃពុធ១រោជខែអាសាឍឆ្នាំជូតទោស័កពុទ្ធសករាជ្យ២៥៦៤ ត្រូវនឹងថ្ងៃទី៦កក្កដា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំបុត្រា បុត្រី និងចៅៗព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ស្ថាប័ន របស់ព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញនាំយកទៀនវស្សាប្រេងវស្សារួមនឹងគ្រឿងឧបភោគបរិភោគ និងភេជ្ជៈ ទៅវេរប្រគេន សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមាវត្តមុនីសុវណ្ណហៅ(ចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខ័ណ្ឌច្បារអំពៅ ជធានីភ្នំពេញ។សូមបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃដែល ព្រះសង្ឃគ្រប់វត្តអារាម នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា នៅទូទាំងពិភពលោក ដែលគោរពប្រតិបត្តិជំនឿលើវិស័យ ព្រះពុទ្ធសាសនា បានចាប់ផ្តើមចូលព្រះវស្សាគ្រប់ទីកន្លែងទាំងអស់ ដូចបណ្តាឆ្នាំមុនៗដែរ។ ជាទូទៅព្រះសង្ឃនៅតាមវត្តអារាមនិមួយៗ តែងចាប់ផ្តើមប្រារព្វពិធីចូលព្រះវស្សានេះ នៅពេលល្ងាច ឬពេលព្រលប់។

ក្នុងឱកាសអញ្ជើញដល់ទីអារាមខាងលើ ពិសេសនៅលើមហាកុដិ របស់សម្តេចព្រះពោធិវង្ស សម្តេចអគ្គមហាសេនា បតីតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបូជាទៀនធូប និងថ្វាយគន្ធពិដោ ចំពោះព្រះពុទ្ធបដិមាស្នងអង្គ ព្រះសម្មាសម្ពុទ្ធជាកិច្ចរំលឹកនឹកដល់គុណបុណ្យព្រះរតនត្រ័យតាមប្រពៃណីព្រះពុទ្ធសាសនាដ៍រុងរឿងនៃយើង និងបានធ្វើបទ នមសិកា ថ្វាយបង្គំព្រះពុទ្ធរូប,ថ្វាយបង្គុំ ព្រះសង្ឃជាសាវ័គ និងសមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើងដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណនិងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ ទុកអោយពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ន។ ការគោរពប្រតិបត្តិ ក្នុងការប្រារព្ធនូវពិធីបុណ្យ ទានផ្សេងៗ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដូចជាការវេរទៀនព្រះវស្សា ប្រគេនព្រះសង្ឃ ក្នុងរដូវកាលចូល កាន់ព្រះវស្សា ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រីនិងចៅៗ ក្នុងពេលនេះ គឺជា ការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សានិងលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យមាន ការរីកចំរើននិងគង់វង្សគ្រប់៥ពាន់ព្រះវស្សាតាមកាលកំណត់នៃព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ នៃយើង។

លំដាប់អំពីធ្វើបទនមសិកាសមាទានសីល ថ្វាយបង្គំព្រះពុទ្ធរូប និងថ្វាយបង្គំព្រះសង្ឃតាមគន្លងប្រពៃណីព្រះពុទ្ធ សាសនារួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបុត្រាបុត្រី សម្តេច ឯកឧត្តម លោកជំទាវ ជាពុទ្ធ បរិស័ទទាំងអស់ បានវេរទៀនវស្សាគ្រឿងឧបភោគបរិភោគភេជ្ជៈប្រេងវស្សានិងគ្រឿងបរិក្ខាអមប្រគេនសម្តេច ព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា និងព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលគង់ចាំព្រះវស្សា អស់កាល ត្រីមាសក្នុងពុទ្ធសីមាវត្តមុនីសុវណ្ណព្រមទាំងបានបវរណាចតុបច្ច័យ ប្រគេនព្រះសង្ឃ២០៩អង្គដែលគង់នៅទីអារាមនេះ ដោយ ក្នុង១អង្គបច្ច័យ១០ម៉ឺនរៀល យាយជីតាជីចំនួន១០៨នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល លោកតាអាចារ្យចំនួន៨នាក់ ម្នាក់ៗថវិកា២០ម៉ឺនរៀល កូនសិស្សស្នាក់នៅក្នុងវត្តចំនួន ៥០នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល។ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងសប្បរសជនទាំងអស់ បានប្រគេនថវិកា ដែលបានមកពី សុទ្ធាជ្រះថ្លារបស់ឯកឧត្តមលោកជំទាវជាពុទ្ធបរិស័ទចូលរួមចាប់មគ្គផលក្នុងឱកាស ថ្ងៃបុណ្យចូលព្រះវស្សនេះ ទាំងប្រាក់រៀល និងប្រាក់ដុល្លាសរុបជាង១ម៉ឺនដុល្លា ព្រមទាំងសម្ភារះជាច្រើនទៀតប្រគេនសម្តេចព្រះពោធិវង្ស អំលឹមហេងព្រះសង្ឃនាយករង ទី១ នៃព្រះរាជាណាចក្រកម្ពុជា តម្កល់ទុកប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនា។ សូមជំរាបជូនថា ក្រៅពីប្រគេនទៀនវស្សា និងគ្រឿងបរិក្ខា ដល់វត្តមុនីសុវណ្ណក្នុងថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងបុត្រាបុត្រីប្រសារ និងបង្កើត របស់សម្តេចទាំងទ្វេ នៅបានរួបរួមគ្នាប្រកបដោយសុទ្ធាជ្រះថ្លាប្រគេនទៀនវស្សា និងគ្រឿង បរិក្ខារួចមកហើយ ដល់វត្តចំនួន១២០វត្តផ្សេងទៀតក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា នៅទូទាំងព្រះរាជាណាចក្រ កម្ពុជា តាមរយះក្រុមគ្រួសារ និងក្រុមការងាររបស់សម្តេចទាំងទ្វេ។

តមកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងឯកឧត្តម លោកជំទាវ ជាភរិយាឥស្សរៈជន ថ្នាក់ដឹកនាំមួយចំនួនទៀត បានអញ្ជើញឡើងទៅកាន់ព្រះវិហារ ដើម្បីថ្វាយទៀនធូបនិងគន្ធពិដោរ ថ្វាយព្រះអង្គធំអុចទៀន វស្សា នៅក្នុងព្រះវិហា ព្រមទាំងចែកជូននូវអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាក្រណាត់និងថវិកាដល់ចាស់ សិលវន្ត សិសវត្តីចំនួន១០៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ និងថវិកា៥ ម៉ឺនរៀលផងដែរ ក្រុមភ្លេងបុរាណម្នាក់ៗ៥ម៉ឺនរៀល។កុសលផលបុណ្យ ដែលកើតឡើងពីសុទ្ធាជ្រះថ្លា នៃការប្រគេនទៀន ព្រះវស្សានាថ្ងៃនេះ សម្តេចព្រះពោធិវង្ស អំលឹមហេង និងព្រះសង្ឃគ្រប់ព្រះអង្គ ក្នុងវត្តមុនីសុវណ្ណ សូមឧទ្ទិសជូនដល់ វិញ្ញាណក្ខ័ន្ធបុការីជន និងញាតិការទាំង៧ សណ្តាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពិសេសវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសិប្បុរិសភោគាធិបតី ហ៊ុន នាង ឧបាសិកា ឌី ប៉ុក ឧបាសក លីន គ្រី អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងកុមារ៉ា ហ៊ុន កំសត់ ដែលបានចែកឋានទៅកាន់បរលោក ឯនាយខាងមុខសូមវិញ្ញាណក្ខ័នអ្នកមានគុណ និងសាច់សារលោហិតព្រមទាំងញាតិការទាំង៧សណ្តាន បានមកទទួល នូវ មនុញ្ញផល ដែលកើតមានក្នុងថ្ងៃនេះ និងបានសោយសុខក្នុងឋានសុគតិភព កុំបីអាក់ខានឡើយ។ ម្យ៉ាងវិញទៀតកុសលផល បុណ្យ ក្នុងថ្ងៃនេះដែរ សម្តេចព្រះសង្ឍនាយករងទី១ ព្រះសង្ឃគ្រប់ព្រះអង្គ សូមលើកថ្វាយចំពោះព្រះរតនត្រ័យ និងទេវតា ទាំង ១ម៉ឺនលោកធាតុ និងវត្តុសក្តិសីទ្ធក្នុងលោក សូមប្រោះព្រហ្មប្រសិទ្ធិពរជ័យ បវរមហាប្រសើរជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមសម្តេចទាំងទ្វេមានសុខភាពល្អបរិបូរណ៍ពូលានុភាពមាំមួន បញ្ញាញាណ ឈ្លាសវៃ និងជន្មាយុយឺនយូរជាងរយវស្សា ដើម្បីបន្តស្ថិតនៅជាម្លប់ដ៏ត្រជាក់ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័ន មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសំរាប់កូនចៅនិងក្រុមគ្រួសារ ពិសេសបន្តស្ថិតនៅជាអគ្គពុទ្ធសានូបត្ថម្ភ ទ្រទ្រង់ព្រះពុទ្ធសាសនា និងប្រទេសកម្ពុជា ជាយូរអង្វែងតរៀងទៅ ៕

 

 


អត្ថបទទាក់ទង